កាលបរិច្ឆេទ: ១១ វិច្ឆិកា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren
កាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុនខនហ្វីរេលបានចូលរួមសិក្ខាសាលាស្តីពី « Promoting Inclusive Business for a Sustainable Future » (លើកកម្ពស់ការធ្វើពាណិជ្ជកម្មដែលអាចផ្តល់ប្រយោជន៍ទៅដល់ប្រជាជនក្រីក្រដែលមានប្រាក់ចំណូលទាប) រៀបចំឡើងដោយក្រុមហ៊ុនផ្តល់សេវាពិគ្រោះយោបល់ Clickable Impact និងមានការចូលរួមពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនរានុវត្តន៍។
សិក្ខាសាលានេះបានផ្តល់ជាដំណោះស្រាយជាក់ស្តែងដើម្បីធ្វើយ៉ាងណារួមបញ្ចូលប្រជាជនក្រីក្រ និងដែលមានប្រាក់ចំណូលទាបទៅក្នុងគោលនយោបាយរបស់ក្រុមហ៊ុនសហគ្រាស ពោលគឺគិតទៅដល់អ្នកដែលនៅថ្នាក់ទាបបំផុត។
ទាក់ទិននឹងចំណុចនេះដែរ ក្រុមហ៊ុនខនហ្វីរេលបានចូលរួមចំណែករួចជាស្រេចទៅហើយនៅក្នុងគោលនយោបាយនេះ ព្រោះថា គោលបំណងចម្បងរបស់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ក្នុងការបង្កើតក្រុមហ៊ុននេះឡើងគឺដើម្បីចូលរួមចំណែកកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ តាមរយៈការលើកកម្ពស់ការច្នៃប្រឌិតផលិតកម្មកសិកម្មបែបប្រពៃណី។
គោលបំណងនៃសិក្ខាសាលាស្តីពី Business Inclusif អាចសម្រេចទៅបានគឺត្រូវមានការចូលរួមយ៉ាងសំខាន់ពីសំណាក់ក្រុមហ៊ុនឯកជន រាជរដ្ឋាភិបាល និងភ្នាក់ងារមូលដ្ឋាន។
ចំណុចដែលត្រូវកែលម្អឱ្យកាន់តែប្រសើរនោះគឺធ្វើយ៉ាងណាឱ្យហិរញ្ញវត្ថុមានភាពប្រសើរជាងមុន ការកាត់បន្ថយពន្ធចំពោះក្រុមហ៊ុនសហគ្រាសណាដែលចង់ចូលរួមក្នុងនយោបាយនេះ និងការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការ។ល។ និង។ល។
ប្រទេសកម្ពុជាសង្ឃឹមថា អាចក្លាយខ្លួនជាប្រទេសមួយដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ នៅមានការងារជាច្រើនដែលត្រូវបំពេញដើម្បីសម្រេចគោលដៅនេះបាន ប៉ុន្តែកម្ពុជាអាចធ្វើបាន ហើយក្រុមហ៊ុនរបស់យើងក៏បានចូលរួមរួចទៅហើយដែរ៕